Sunday, July 24, 2016

ប្រាសាទឯកភ្នំ

ខេត្តបាត់ដំបង ដែលធ្លាប់ជាមជ្ឈមណ្ឌលវប្បធម៌ដ៏រុងរឿងមួយក្នុងសម័យបុរាណ បានបន្សល់ទុកនូវកេរ្តិ៍ដំណែលវប្បធម៌ដ៏ច្រើន ក្នុងនោះមានប្រាសាទឯកភ្នំគួរជាទីមោទនៈ ។ ប្រាសាទឯកភ្នំមានឈ្មោះមួយទៀតគឺ ប្រាសាទវត្តឯក ។ ប្រាសាទនេះមានចម្ងាយប្រមាណជា ១០គ.ម. ខាងជើងនៃទីរួមខេត្ត នៅក្នុងភូមិគម ឃុំពាមឯក ខេត្តបាត់ដំបង ។ បន្ទាប់ពីប្រាសាទបាណន់ ប្រាសាទនេះត្រូវគេលើកតម្កើងថា ជាប្រាសាទភ្នំ ដែលប្រកបដោយបុណ្យបារមី ដ៏ឧត្តុង្គឧត្តម ។ បច្ចុប្បន្ននេះប្រាសាទឯកភ្នំ កំពុងទាក់ទាញអ្នកទេសចរជាតិនិងអន្តរជាតិ ឲ្យមកទស្សនាឬមកកំសាន្តលំហែកាយ ។ ប្រាសាទឯកភ្នំ មានកសិណទឹកហ៊ុំព័ទ្ធជុំវិញ បែរមុខទៅទិសខាងកើត ហើយស្ថិតនៅលើគ្រឹះមួយដ៏រឹងមាំ ធ្វើអំពីថ្មភក់និងថ្មបាយក្រៀម ដោយមានទីធ្លាមួយមានប្រវែងប្រមាណជា ៣០ម៉ែត្រ ។

ផ្ទាំងសិលាចារឹកក្នុងប្រាសាទនេះបានឲ្យដឹងថា ប្រាសាទនេះត្រូវបានស្ថាបនាឡើងដោយ ព្រះបាទសុរិយាវរ្ម័នទី១ ដែលសោយរាជ្យសម្បត្តិនៅស.តទី១១ នៃគ.ស សំរាប់ឧទ្ទិសចំពោះលទ្ធិព្រហ្មញ្ញសាសនា ។ តួប៉មប្រាសាទឯកភ្នំមានរាង ៤ ជ្រុងស្មើ ធ្វើអំពីថ្មភក់ និងថ្មបាយក្រៀម ស្ថិតនៅលើខឿនមួយ មានកំពស់ប្រមាណជា ៤ម៉ែត្រ ។ ទំនងដោយសារលក្ខណៈបែបនេះហើយ បានជាគេឲ្យឈ្មោះថា ប្រាសាទឯកភ្នំ ។ ដូចប្រាសាទមួយចំនួនក្នុងរជ្ជកាលព្រះបាទសុរិយាវរ្ម័នទី១ដែរ ប្រាសាទឯកភ្នំមានថែវព័ទ្ធជុំវិញប្រាង្គប្រាសាទ ពីទិសខាងកើតទៅទិសខាងលិចប្រវែងប្រមាណជា ២៥ម៉ែត្រ និងពីខាងជើងទៅទិសខាងត្បូងប្រមាណជា ៤៩ម៉ែត្រ


​ប្រាសាទ​របស់​យើង​បានទទួល​រងគ្រោះ​យ៉ាងដំណំ ដោយសារ​ភ្លើងសង្គ្រាម ហើយ​ទើបតែ​ត្រូវបាន​អភិ​រ័ក្ស​យ៉ាង​ត្រឹមត្រូវ​កន្លងមកនេះ តែ​ពុំ​ទទួល​មានការ​ជួសជុល​នៅឡើយ ។ ទោះបី​មាន​ភាព​ទ្រុឌទ្រោម ដោយមាន​គំនរ​ថ្ម​បែកបាក់​ដ៏​ច្រើន​ធ្លាក់​នៅលើ​ដី ពាសពេញ​ដេរដាស់​ជុំវិញ​ប្រាសាទ​ក្តី ក៏ប៉ុន្តែ​ប្រាសាទឯកភ្នំ នូវ​រក្សាបាន​ឧត្តមភាព និង​អធិរាជ​ភាព និង​សោភ័ណភាព​របស់ខ្លួន​នៅឡើយ អ្វីមួយ​ជាទី​ចាប់អារម្មណ៍​របស់​ភ្ញៀវទេសចរ គ្រប់​សញ្ជាតិ ។​
​ចម្លាក់​ហោជាង​និង​ផ្តែរ​ដ៏​ល្អ​វិចិត្រ ដែល​ពាក់ព័ន្ធ​ទៅនឹង​ប្រវត្តិ​ព្រះអាទិទេព​ទាំងឡាយ នៃ​ព្រហ្មញ្ញសាសនា ដូចជា រឿង​កូរ​សមុទ្រ​ទឹកដោះ​ជាដើម គឺជា​ចំណុច​ពិសេស​ទាក់ទាញ​ការ​ស្ញើ​ច​សរសើរ​មិន​ដាច់​មាត់ ពី​មហាជន​មាន​ទឹកចិត្ត​សទ្ធា​ជ្រះថ្លា
​ជា​រៀងរាល់ថ្ងៃ​មាន​អ្នក​ស្រុកភូមិ​មក​ធ្វើការ​បន់ស្រន់ ដោយ​នាំមក​នូ​វដ​ង្វា​យ​ជា​ធូប ទៀន ផ្កា ឬក៏​ថវិកា​បន្តិចបន្តួច​ឲ្យ​អាចារ្យ​ម្នាក់ នៅ​ប្រាង្គ​ប្រធាន​នៃ​បូជនីយដ្ឋាន​នេះ ដែល​គេ​ចាត់ទុកថា ជា​កន្លែង​ពិសិដ្ឋ​ជាងគេ​បំផុត ៕ 
 

0 comments:

Post a Comment