
ប្រាសាទបាណន់ជារចនាបថកណ្តាលស.តទី ១១ និងចុងស.តទី ១២។ ព្រះរាជាដែលបានកសាងមុនគេគឺព្រះបាទឧទយាទិត្យាវរ្ម័នទី២ (១០៥០ ដល់១០៦៦) ក្រោយមកត្រូវបញ្ចប់ដោយព្រះបាទជ័យវរ្ម័នទី៧ (១១៨១.១២១៩)។ ប្រាសាទបាណន់ត្រូវបានកសាងលើកំពូលភ្នំដែលមានកំពស់ប្រមាណជាង១០០ម ដោយមានកាំជណ្តើរចំនួន៣៥២កាំ ស្ថិតនៅក្នុងឃុំកន្ទឺ២ ស្រុកបាណន់ ចំងាយ ២៥គ,ម ពីទីរួមខេត្តតាមដងផ្លូវខេត្តលេខ ១៥៥ ស្របតាមដងស្ទឹងសង្កែទៅទិសនិរតី។ នៅជើងភ្នំបាណន់មានគូទឹក និងល្អាងសំខាន់ពីរគឺល្អាងព្រះទឹក និងល្អាងបិទមាស។ រមណីយដ្ឋានប្រាសាទបាណន់គឺជារមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រផង និងជារមណីយដ្ឋានធម្មជាតិផង ពីព្រោះកសាងឡើងនៅលើកំពូលភ្នំប្រកបទៅដោយធម្មជាតិព្រៃព្រឹក្សា ដ៏ស្រស់ត្រកាល ព្រមទាំងមានទឹកស្ទឹងសង្កែរួមជាមួយផង។ ភូមិសាស្ត្រ និង បរិស្ថានជុំវិញបានផ្តល់អំនោយផលបន្ថែមទៀតលើវិស័យទេសចរណ៍ ពីព្រោះសងខាងដងផ្លូវទៅកាន់រមនីយដ្ឋាននេះសំបូរទៅដោយភោគផលដំនាំ កសិកម្មដូចជាស្រូវ ជាពិសេសចំការក្រូចពោធិ៍សាត់ដ៏ល្បីល្បាញក្នុងព្រះរាជាណាចក្រកម្ពុជា មានរសជាតិឆ្ងាញ់។ ដំនាំក្រូចផ្តល់ផលក្នុងមួយឆ្នាំ ២ ដង ហើយបានដឹកនាំទៅលក់តាមបណ្តាខេត្តនានា និងទីក្រុងភ្នំពេញផង។
0 comments:
Post a Comment