Sunday, July 24, 2016

bamboo train

       ការ​ផ្សព្វផ្សាយ​ច្រើន​ពី​ដំណើរ​កម្សាន្ត​ជិះ​រនាប​ឫស្សី​លើ​ផ្លូវដែក​ ដែល​គេ​ស្គាល់​ថា «ណូរី» បាន​ធ្វើ​ឲ្យ​យានជំនិះ​កែច្នៃ​មួយ​នេះ​រឹតតែ​ទាក់ទាញ​អ្នកទេសចរ​ខ្មែរ និង​អន្តរជាតិ ឲ្យ​រួសរាន់​មក​សាកល្បង​ដោយសារ​តែ​វា​អាច​នឹង​បាត់បង់​នា​អនាគត​ពេល​គម្រោង​ ជួសជួល​ផ្លូវរថភ្លើង​ទៅ​ដល់​ទី​នោះ។
នារសៀល​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍ មុន​មនុស្សម្នា​ចម្រុះ​ជាតិសាសន៍​កំពុង​ឈរ​ត្រៀបត្រា​ពេញ​ស្ថានីយ​រថភ្លើង​ ចាស់​នៅ​ឃុំ​អូរដំបង១ ស្រុក​សង្កែ ខេត្ត​បាត់ដំបង។ ក្រោយពី​ទិញ​សំបុត្រ​តម្លៃ​៥​ដុល្លារ​ក្នុង​ម្នាក់ សន្ដិសុខ​យាម​នៅ​ទី​នោះ​ពីរ​នាក់​បាន​ជួយ​រៀបចំ​ឲ្យ​ភ្ញៀវ​ឡើង​អង្គុយ ខណៈ​អ្នក​ខ្លះ​បាន​សំកុក​ចាំ​ជាស្រេច​នៅលើ​រនាប​ឫស្សី​បណ្តុំ​លើ​របារ​ កង់ដែក និង​បំពាក់​ដោយ​ម៉ាស៊ីន​កែច្នៃ​នៅ​ខាង​ក្រោយ។ តម្លៃ​ ៥ ​ដុល្លារ​សម្រាប់​ភ្ញៀវ​ខ្មែរ និង​បរទេស​នេះ​គិត​ចាប់ពី​ចំណុច​រ៉ាអូរដំបង ទៅ​រ៉ាអូរស្រឡៅ​ជា​គោលដៅ​ឈប់។
លោក ងួន អាយុ​៥៣ រស់​នៅ​ឃុំ​អូរដំបង​នេះ​អស់​រយៈពេល​ជាង​២០​ឆ្នាំ កំពុង​តែ​រីករាយ​នឹង​រដូវកាល​ធាតុអាកាស​ល្អ​សម្បូរ​ភ្ញៀវទេសចរ ដែល​ភាគច្រើន​ជា​ខ្មែរ និង​ប្រជាជន​អាស៊ី​។
និយាយ​បណ្តើរ ដៃ​បញ្ជាយាន​បណ្ដើរ បុរស​ដែល​ប្រកបរបរ​បើក​ណូរី​ជាច្រើន​ឆ្នាំ​នៅ​ស្ថានីយ​រថភ្លើង​ចាស់​រូប​នេះ រៀបរាប់​ថា៖ «​ខែ​មករា​នេះ​គឺ​ខ្ញុំ​ដឹក​ភ្ញៀវ​បាន​ពីរ​បី​ជើង​ដែរ​ក្នុង​មួយ​ថ្ងៃ ដោយសារ​តែ​ខែ​នេះ​គឺ​សម្បូរ​ភ្ញៀវ​មក​លេង​។ ណា​មួយ​វា​ងាយស្រួល​ក្នុង​ការ​ជិះ​មើល​ទេសភាព​តាម​វាលស្រែ»។ប៉ុន្មាន​ឆ្នាំ​មុន ការ​ជិះ​ណូរី​សម្បូរ​តែ​ជនបរទេស​ទេ ប៉ុន្តែ​បច្ចុប្បន្ន​ភ្ញៀវ​ខ្មែរ​មាន​កាន់តែ​ច្រើន ជាពិសេ​ស​គឺ​យុវវ័យ​តែ​ម្ដង។លោក ងួន បាន​កត់សម្គាល់​ឃើញ​ថា៖ «ភ្ញៀវ​ដែល​មក​លេង​នៅ​ទី​នេះ​ភាគច្រើន​ចិន សិង្ហបុរី បារាំង និង​ភ្ញៀវ​ខ្មែរ​យើង​ដែរ​គឺ​ច្រើន​ជាង​ឆ្នាំ​មុន»។ទោះជា​យ៉ាង​ណា​ក្ដី ការ​ជិះ​រនាប​ឫស្សី​លើ​ផ្លូវដែក​មិនមែន​ថា​គ្មាន​ឧបសគ្គ​នោះ​ទេ។ ការ​រំខាន​តិចតួច​ដូច​ជា ត្រូវ​សត្វល្អិត​ខាំ ប៉ះពារ​មែក​រុក្ខជាតិ និង​រលាក់​ញ័រញាក់​ប្រាណ ដែល​ទេសចរ​គួរ​ប្រុងប្រយ័ត្ន​ដោយ​ខ្លួនឯង។
ជាមួយ​នឹង​សំឡេងដាច់ៗ​ព្រោះ​ដំណើរ​ណូរី​បរ​ទៅ​មុខ​រដិបរដុប​នោះ លោក ងួន រំឭក​ទៀត​ថា៖ «ពេល​ខ្លះ​ភ្ញៀវបរទេស​ក្មេងៗ​ត្រូវ​ស្រាំងទិច ឃ្មុំទិច ហើយ​អង្គុយ​យំ​ក៏​មាន។ ពេល​ខ្លះ​ទៅ​ពួកគេ​អង្គុយ​មិន​ប្រយ័ត្ន​ក៏​បុក​មែកឈើ​ត្រូវ​តិចតួច​ដែរ​»។ម៉្យាងវិញ​ទៀត ពេល​ណូរី​ពីរ ឬ​ច្រើន​ធ្វើ​ដំណើរ​បញ្ច្រាស​ទិស​គ្នា ហើយ​ជួប​គ្នា​កណ្ដាល​ផ្លូវ​នោះ អ្នក​បើក​នៅ​ទិស​ម្ខាង​ដែល​មាន​ចំនួន​មនុស្ស​ជិះ​តិច​ជាង ត្រូវ​ចុះ​ពី​ណូរី ហើយ​លើក​យាន​នេះ​អែប​ទៅ​ម្ខាង​ផ្លូវ ដើម្បី​ឲ្យ​អ្នក​បើក​នៅ​ទិស​ម្ខាង​ទៀត​បន្ត​ដំណើរ​បាន។ទន្ទឹម​នឹង​សាទរ​វត្តមាន​ភ្ញៀវ​ច្រើន​នា​រដូវកាល​នេះ លោក ងួន ក៏​ត្អូញ​ផង​ដែរ​ថា ចំនួន​ណូរី​ច្រើន​នាំឲ្យ​ចំណូល​កាន់តែ​បែកខ្ញែក។លោក​និយាយ​ថា៖ «សព្វថ្ងៃ​ការ​បើក​ណូរី​គឺ​មិន​សូវ​បាន​ដឹក​ភ្ញៀវ​ច្រើន​ទេ ពីព្រោះ​មាន​អ្នក​បើក​ច្រើន​ហើយ​ក្នុង​ការ​ដឹក​ភ្ញៀវ​មួយ​ជើង​គឺ​បាន​ ត្រឹមតែ​៧០០០​រៀល​ប៉ុណ្ណោះ ដោយ​យើង​បែងចែក​ជាមួយ​ខាង​សមាគមន៍។ ខ្ញុំ​រក​បាន​តែ​ភ្ញៀវ​ណា​ដែល​គាត់​មាន​ទឹកចិត្ត​ឲ្យ​លុយ​ធីប អ៊ីចឹង​ទៅ​វា​បាន​ទប់ទល់​គ្នា​ខ្លះ​សម្រាប់​ចិញ្ចឹម​ជីវិត​រាល់ថ្ងៃ»​។ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាត់ដំបង​លោក អ៊ុច អ៊ុំធីនីស្សារ៉ា ក៏​បាន​ទទួល​ស្គាល់​ដែរ​ថា ចំនួន​ណូរី​បាន​កើន​ពី​៣០​ទៅ​៥០​គ្រឿង ស្រប​នឹង​ចំនួន​ភ្ញៀវទេសចរ​ជាតិ​ក៏​មាន​កំណើន​ពី​១០​ទៅ ២០​ភាគរយ​។លោក​លើក​ឡើង​ថា៖ «ភ្ញៀវ​គាត់​ចូលចិត្ត​ជិះ​ណូរី​ព្រោះ​បាន​មើល​ទេសភាព​វាលស្រែ ប្រជាជន​ស្ទូង​ស្រូវ ចាប់​ត្រី​ជាដើម។ រីឯ​សុវត្ថិភាព​វិញ​នៅ​ទី​នេះ​គឺ​មិន​ដែល​មាន​រឿង​អី​កើតឡើង​នោះ​ទេ។ ភ្ញៀវ​ខ្លះ​គាត់​ជិះ​កង់​មក​ដល់​ស្ថានីយ​រថភ្លើង​អូរដំបង​នេះ​ដោយ​ខ្លួនឯង ខ្លះ​ទៀត​ជិះ​រ៉ឺម៉ក​ម៉ូតូ ដោយ​ចំណាយ​ពេល​ប្រមាណ​ជា​១៥​នាទី​ពី​ទី​រួម​ខេត្ត​បាត់ដំបង»។យោងតាម​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​រូប​នេះ ណូរី​បាន​រួម​ចំណែក​ជួយ​ឲ្យ​មាន​កំណើន​ភ្ញៀវទេសចរ និង​បង្កើន​ការ​ស្នាក់នៅ​រយៈពេល​យូរ​ជាង​មុន។លោក​រៀបរាប់​ថា៖ «ភ្ញៀវ​ពី​មុនៗ​ដែល​គាត់​ចេញ​ពី​ព្រំដែន​ថៃ​ចូល​មក​ខេត្ត​បាត់ដំបង​ត្រឹមតែ​ បន្ត​វីសា ហើយ​ត្រឡប់​ទៅវិញ។ ក៏​ប៉ុន្តែ​បច្ចុប្បន្ន​នេះ​គឺ​គាត់​ស្នាក់​នៅ​ទី​នេះ​១​ទៅ​២​ថ្ងៃ​ដែរ ដោយ​ពួកគាត់​ជិះ​កង់​កម្សាន្ត​លេង​ទៅ​តាម​ភ្នំ ជិះ​ណូរី និង​មើល​ហ្វូង​សត្វប្រចៀវ ជាដើម»។លោក​ពិពណ៌នា​៖ «កន្លែង​ជិះ​ណូរី​នេះ​ដូចជា​មន្តស្នេហ៍​ទាក់ទាញ​សម្រាប់​ភ្ញៀវ​នៅពេល​ដែល​ ណូរី​ជិះ​ជួបគ្នា​ម្តងៗ​គឺ​ភ្ញៀវ​អាច​សំណេះសំណាល​ជាមួយ​គ្នា​ទៅវិញ​ទៅមក និង​បង្កើន​មិត្តភាព​បន្ថែម​ទៀត​ផង»។ស្ថិត​ក្នុង​ចំណោម​ភ្ញៀវ​ខ្មែរ​ដែល​ជិះ​ណូរី លោក នូ វិចិត្រ ដែល​ខំ​ស្កាត់​ពី​ភ្នំពេញ​មក​ជិះ​ណូរី​ប្រចាំ​ខេត្ត​បាត់ដំបង​ឲ្យ​បាន​ម្ដង​ នឹង​គេ​នោះ​បាន​លាន់មាត់​ថា៖ «វា​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​មួយ​ដែល​ខ្ញុំ​មិន​ដែល​ជិះ​ពី​មុន​មក​សោះ។ ជិះ​ណូរី​ខ្ញុំ​អាច​មើល​ទេសភាព​តាម​វាលស្រែ និង​ជីវភាព​ប្រជាជន​ដែល​គាត់​រស់នៅ​ជិត​ផ្លូវរថភ្លើង មើល​ថ្ងៃ​លិច។ សប្បាយ​បំផុត​ពេល​ណូរី​បើក​ជល់​គ្នា​ហើយ​យើង​ចុះ​ពី​ណូរី​ជួយ​លើក​ដាក់​ទៅ​ ម្ខាង​ទៀត និង​អាច​សំណេះសំណាល​ជាមួយ​ភ្ញៀវទេសចរ​បរទេស​ដទៃ​ទៀត»។អ្នកស្រី សន ជា​អាជីវករ​នៅ​រ៉ាអូរស្រឡៅ ក៏​បាន​កត់សម្គាល់​ឃើញ​ពី​ប្រជាប្រិយភាព​ណូរី​ចំពោះ​ភ្ញៀវ​ក្នុង​ស្រុក​ផង​ដែរ។អ្នកស្រី​រំឭក​ថា៖ «ខ្ញុំ​រស់នៅ​និង​លក់​របស់របរ​នៅ​ទី​នេះ​យូរ​ឆ្នាំ​មក​ហើយ​ប្រមាណ​ជា​ ២០ ​ឆ្នាំ ដោយ​កាលពី​មុន​គ្រាន់តែ​លក់​ភេសជ្ជៈ​នំ​បន្តិចបន្តួច​ឲ្យ​ពួក​ដឹក​អីវ៉ាន់​ តាម​រថភ្លើង តែ​ក្រោយមក​រថភ្លើង​ឈប់​បើក ហើយ​មាន​ណូរី​ប្រជាជន​ដឹក​អីវ៉ាន់ និង​ចាប់​មាន​ភ្ញៀវ​ចូលចិត្ត​មក​ជិះ ខ្ញុំ​ក៏​ចាប់ផ្តើម​លក់ ទឹកដូង ភេសជ្ជៈ ក្រមា និង​របស់​អនុស្សាវរីយ៍»។ជាមួយ​នឹង​ស្នាមញញឹម​រួសរាយ​រាក់ទាញ អាជីវករ​រូប​នេះ​និយាយ​ថា៖ «ឥឡូវ​ហ្នឹង​លក់​បាន​គ្រាន់​បើ​ជាង​មុន ថ្ងៃ​ខ្លះ​បាន​ ៥០ ​ដុល្លារ​ដែរ តែ​ថ្ងៃ​ខ្លះ​ទៅ​បាន​តែ​ម៉ា​រួច​ថ្លៃ​ទឹកកក​ប៉ុណ្ណោះ។ យើង​លក់​ដាច់​ច្រើន​សម្រាប់​ភ្ញៀវ​ចិន សិង្ហបុរី និង​បារាំង ហើយ​ភ្ញៀវ​ខ្មែរ​សម្បូរ​ក្មេងៗ​មក​អង្គុយ​ផឹក​ទឹកដូង»៕

0 comments:

Post a Comment